គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

«The teste of Angkor» ទទួលបានចំណាត់ថ្នាក់ជា​ថ្មីម្តងទៀត

កាលបរិច្ឆេទ: ១១ វិច្ឆិកា ២០២២ / ម្ហូបអាហារ

វេបសាយមួយឈ្មោះ evaanmarket (https://evaanmarket.com) ដែលបង្កើតឡើងដោយជនជាតិបារាំងដើមកំណើតអាស៊ី បានចុះផ្សាយថា ឆ្នាំនេះ សៀវភៅមុខម្ហូបខ្មែរ​ «The teste of Angkor» បោះពុម្ពផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌផ្សព្វផ្សាយវប្បធម៌ ទទួលបានជ័យលាភីជាថ្មីម្តងទៀត ក្នុងប្រភេទ «សៀវភៅធ្វើម្ហូបអាស៊ីល្អដាច់គេ» និង «ប្រមុខរដ្ឋ/ចំណីអាហារ» ក្នុងឱកាសប្រកួតប្រជែងដណ្តើមពានរង្វាន់ «Gourmands Awards »​។

វេបសាយដដែលបានបន្តទៀតថា វិធីធ្វើម្ហូបនៅក្នុងសៀវភៅ The teste of Angkor ត្រូវបានរៀបចំឡើងដោយមេចុងភៅដ៏ចំណានជនជាតិខ្មែរម្នាក់គឺលោកសៅ សុភ័ក្រ្ត។ មុខម្ហូបទាំងអស់នោះត្រូវបានទទួលស្គាល់ដោយព្រះមហាក្សត្រតាំងពីសម័យអង្គរមកម្ល៉េះ។ ដូច្នេះមុខម្ហូបដែលមាននៅក្នុងសៀវភៅមួយនេះគឺមានវ័យចំណាស់រាប់រយឆ្នាំមកហើយ។ នៅក្នុងស្នាដៃមួយនេះ អ្នកនិពន្ធមិនបានបង្ហាញពីរបៀបចម្អិនម្ហូបធម្មតាៗនោះទេ ផ្ទុយទៅវិញគឺមានការពន្យល់ណែនាំយ៉ាងលម្អិតដែលអាចឲ្យអ្នកអានអាចធ្វើតាមបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ចំពោះគ្រឿងផ្សំណាដែលពិបាករកនៅបរទេស អ្នកនិពន្ធក៏បានណែនាំឲ្យជំនួសគ្រឿងផ្សំផ្សេងទៀតដែលអាចរកបានផងដែរ ជាហេតុធ្វើឲ្យជនជាតិខ្មែររស់នៅបរទេសដែលចង់ភ្លក្សរសជាតិដើមរបស់ម្ហូបខ្មែរ ពេញចិត្តនឹងសៀវភៅមួយនេះ។ ជាក្រុមហ៊ុនក្នុងស្រុកដំបូងគេដែលផលិតផលិតផលខ្មែរសុទ្ធសាធ ក្រុមហ៊ុនខនហ្វីរេលគ្មានអ្វីក្រៅពីសម្តែងការអបអរសាទរចំពោះជោគជ័យរបស់សៀវភៅមួយនេះ និងចំពោះការផ្សព្វផ្សាយវប្បធម៌ខ្មែរដែលជាស្នាដៃរបស់ក្រសួងការបរទេសខ្មែរឡើយ៕